តាមការសិក្សារបស់ក្រុមហ៊ុន និងប្រទេសនានាបានឲ្យដឹងថា អាយ ស៊ី ធី ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការ និងដំណើរការសេដ្ឋកិច្ចជាតិ។ ការលូតលាស់សេដ្ឋកិច្ចអាស្រ័យយ៉ាងសំខាន់ទៅលើការប្រើប្រាស់ធនធានប្រទេសយ៉ាង មានសមត្ថភាព និងប្រសិទ្ធភាពដែលរួមមាន ដី ទុន ពលកម្ម ការកើនឡើងខាងចំណេះដឹង និងបច្ចេកវិទ្យា ។ ប្រទេស អភិវឌ្ឍន៍នានាលើពិភពលោក គឺសុទ្ធតែមានភាពរីកចម្រើនខាង អាយ ស៊ី ធី ដូច្នេះ ដើម្បីឲ្យប្រទេសកម្ពុជាក្លាយជាប្រទេស រីកចម្រើនឆាប់រហ័ស រាជរដ្ឋាភិបាលក៏កំពុងខិតខំធ្វើយ៉ាងណាឲ្យមានការផ្លាស់ប្តូរគ្រប់ស្ថាប័នទាំងអស់ នឹងបំពាក់ដោយ អាយ ស៊ី ធី ។ សព្វថ្ងៃ អាយ ស៊ី ធីកាន់តែមានសារៈសំខាន់ក្នុងការបញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សាលារៀនរដ្ឋ និង ឯកជន ។
ការអភិវឌ្ឍន៍ចំណេះដឹងដែលទាក់ទងនឹងជំនាញ និងការស្វែងយល់អំពីបច្ចេកវិទ្យាអាចជួយសិស្សឲ្យចេះប្រើ បច្ចេកវិទ្យាសម្រាប់ជីវភាពរស់នៅ និងការងារប្រចាំថ្ងៃរបស់គេ ។ អ្នកអាចប្រើ អាយ ស៊ី ធី ដើម្បីអភិវឌ្ឍការសិក្សារបស់អ្នកឲ្យកាន់តែប្រសើរឡើងដោយ ៖
- ធ្វើឲ្យការសិក្សាកាន់តែគួរឲ្យចាប់អារម្មណ៍ ជាពិសេសបញ្ហាដែលពិបាកយល់ ការស្រាវជ្រាវ និងការចែករំលែកព័ត៌មានដែលមានប្រយោជន៍ ។ ឧ. ការប្រើប្រាស់អឺនធឺណិត
- ស្វែងរកព័ត៌មានទាក់ទងនឹងការស្វែងរកការងារធ្វើ ។ ឧ. ការធ្វើជាអ្នកស្ម័គ្រចិត្ត ឬការងារដែលអ្នកពេញចិត្ត
- បំបាត់ឧបសគ្គអក្ខរកម្មក្នុងការទំនាក់ទំនង ។ ឧ. ការប្រើវិទ្យុ វីដេអូ
- កាត់បន្ថយពេលវេលា និងចម្ងាយ ។ ឧ. ការប្រើអ៊ុមែល ទូរសព្ទ សន្និសីទវីដេអូ...
- ផ្តល់ព័ត៌មានទាក់ទងនឹងការអប់រំ ។ ឧ. ការសិក្សាពីចម្ងាយតាមរយៈអេឡិចត្រូនិក
- បង្កើតឱកាសការងារថ្មីតាមរយៈ អាយ ស៊ី ធី បង្កើតឱកាសកម្សាន្តសប្បាយ ដូចជា ល្បែង តន្ត្រី វីដេអូ ។ ល
Tags:
សារៈសំខាន់នៃ អាយ ស៊ី ធី