១).តើ កណ្តុរ (Mouse) ជាអ្វី?
កណ្តុរ (Mouse) កណ្តុរ ជាឧបករណ៍កាន់ដោយដៃ ដែលអនុញ្ញាអោយអ្នកបញ្ជាព្រួញកណ្តុរដែលស្ថិតនៅលើអេក្រង់ ដើម្បីចង្អុលរូបតំណាង ឬជ្រើសម៉ឺនុយណាមួយ។ វាត្រូវបានភ្ជាប់ទៅនឹងធុងប្រព័ន្ធតាមរយៈច្រក ភីអេសធូ (PS/2) ឬ យូអេសប៊ី (USB Port) កណ្តុរមានពីរប្រភេទគឺ កណ្តុរមានខ្សែ និងកណ្តុរឥតខ្សែ ។
១.១.តើ កណ្តុរ មានប៉ុន្មានផ្នែក?អ្វីខ្លះ?
កណ្តុរ មាន ៣ ផ្នែក គឺ៖
- ផ្នែកខាងឆ្វេង (Left Click)
- ផ្នែកកណ្តាល (Middle or Scroll)
- ផ្នែកខាងស្តាំ (Right Click)
២. ស្វែងយល់ពីរបៀបប្រើប្រាស់ កណ្តុរ
២.១.) របៀបប្រើប្រាស់ (កណ្តុរឆ្វេង)
ប៊ូតុងកណ្តុរឆ្វេង ចុចប៊ូតុងកណ្តារឆ្វេងដើម្បី បញ្ជា ឬជ្រើសវត្ថុនោះ
នៅពេលផ្លាស់ទីកណ្តុរ ដែលអ្នកកំពុងតែកាន់នៅលើតុរបស់អ្នក ពេលនោះនឹងឃើញព្រួញកណ្ដុរក៏ផ្លាស់ទីដូចគ្នាទៅនឹងទីតាំង កណ្តុរដែលអ្នកបានផ្លាស់ទីដែរ។
២.២.) របៀបប្រើប្រាស់ (កណ្តុរស្តាំ)
ប៊ូតុងកណ្តុរស្តាំ ចុចប៊ូតុងកណ្តុរស្តាំដើម្បី មើលលក្ខណៈសម្បត្តិវត្ថុ
សាកល្បងចុចប៊ូតុងកណ្តុរល្វែងលើរូបតំណាងណាមួយនៅលើ ផ្ទៃតុ ។ អនុវត្តតាមចំណុចខាងក្រោម ដើម្បីរៀនប្រើឧបករណ៍មូលដ្ឋាន ទាំងនេះ ។
២.៣.) របៀបប្រើប្រាស់ (កណ្តុរកណ្តាល)
កណ្តុរកណ្តាលប្រើសម្រាប់អូសចុះ ឡើងនូវទិន្នន័យណាមួយដែលយើងចង់មើល ។
៣).ដូចម្តេចដែលហៅថា យូនីកូដខ្មែរ?
យូនីកូដខ្មែរគឺជាស្តង់ដារអន្តរជាតិថ្មីមួយរបស់ភាសាខ្មែរ ដែលផ្តល់លេខកូដជាក់លាក់សម្រាប់ព្យញ្ជនៈ ស្រះ និងសញ្ញាទាំងអស់ ដើម្បីប្រើប្រាស់ក្នុងកុំព្យូទ័រ។
ការប្រើយូនីកូដខ្មែរផ្តល់ភាពងាយស្រួលក្នុងការសរសេរអត្ថបទជាភាសាខ្មែរបានលឿនបំផុតដោយ ព្យញ្ជនៈនិងស្រះទាំងអស់មានតែនៅលើគ្រាប់ចុចនិមួយៗក្នុងប្លង់ក្តារចុចយូនីកូដខ្មែរ។
ពុម្ពអក្សរយូនីកូដខ្មែរ គឺជាពុម្ពអក្សរដែលប្រើស្តង់ដារយូនីកូដខ្មែរថ្មីនេះ សម្រាប់បង្កើតជាម៉ូតពុម្ពអក្សរកុំព្យូទ័រ។
៤).តើ ក្តារចុច (Keyboard) ជាអ្វី?
ក្តារចុច (Keyboard) ជាឧបករណ៍សម្រាប់បញ្ចូលទិន្នន័យ អ្នកត្រូវប្រើម្រាមដៃដើម្បីចុចបញ្ចូលទិន្នន័យ ឬបញ្ជាអោយវាធ្វើការងារអ្វីមួយតាមរយៈក្តារចុច ។ វាត្រូវបានគេប្រើដោយភ្ជាប់ជាមួយនិងធុងប្រព័ន្ធតាមរយៈច្រក យូអេសប៊ី (USB Port) ។
ក្តារចុចមានពីរប្រភេទគឺ ក្តារចុចមានខ្សែ និងក្តារចុចឥតខ្សែ ។
៤.១). ស្វែងយល់ពី ក្តារចុច?
តើ ក្តារចុច ត្រូវបានចែកចេញជាប៉ុន្មានផ្នែក?អ្វីខ្លះ?
១.ប្លង់ក្តារចុចមុខងារ (Function keys) ៖ ជាប្លង់ដែលមានគ្រាប់ចុចចាប់ពីគ្រាប់ចុច F1 ដល់ F12 ។
២.ប្លង់គ្រាប់ចុចតួអក្សរ (Characters keys) ៖ មានគ្រាប់ចុចចាប់ពី A ដល់ Z ដែលនៅនោះមានដាក់បញ្ចូលនូវ
ព្យញ្ជនៈ ស្រៈ លេខជាភាសាខ្មែរ និងគ្រាប់ចុចបន្ថែមផ្សេងទៀត ជាច្រើនក្នុងប្លង់នេះ ដូចជា គ្រាប់ចុច
- បញ្ជា(Ctrl)
- ប្តូរ(Shift)
- ជំនួស(Alt)
- ឆ្លាស់(Alt Gr)
- បញ្ចូល(Enter)
- លុប(Backspace)
- ថេប(Tab)
៣.ប្លង់គ្រាប់ចុចលេខ (Numeric Keypad) ៖ ជាប្លង់គ្រាប់ចុចដែលមានចាប់ពីលេខ (0 – 9) និងមានសញ្ញាប្រមាណ វិធី បូក(+) ដក(-) គុណ (x) ចែក (៖)
៤.ប្លង់គ្រាប់ចុចបន្ថែមផ្សេងទៀត (Extra Keys) ៖ មានដូចជា គ្រាប់ចុច
- ព្រួញ(Arrow Keys)
- ដើម(Home)
- ចុង(End)
- លុប(Delete)
- បញ្ជាន់ (Insert)
- ទំព័រ(Page Up) និង ទំព័រក្រោម (Page Down) ។
របៀបវាយអក្សរគឺ
ដើម្បីវាយអក្សរ រ អ្នកត្រូវចុចគ្រាប់ចុច រ ធម្មតា
ដើម្បីវាយអក្សរ ឬ អ្នកត្រូវចុចគ្រាប់ចុច ប្តូរ (Shift) + រ
ដើម្បីវាយអក្សរ ឫ អ្នកត្រូវចុចគ្រាប់ចុច ឆ្លាស់ (Alt Gr) + រ
ចំណាំ ៖ ការសរសេរ ប្តូរ (Shift) + រ ៖ មានន័យថា អ្នកត្រូវចុចគ្រាប់ចុច ប្តូរ (Shift) ឲ្យជាប់ជាមុនសិន រួចហើយទើបចុចគ្រាប់ចុច រ ។ អ្នកត្រូវដកម្រាមដៃចេញពីគ្រាប់ចុច រ មុន រួចទើបដកម្រាមដៃមួយទៀតចេញពីគ្រាប់ចុច ប្តូរ (Shift) ។
៤.២). របៀបប្តូរ ក្តារចុច អង់គ្លេសទៅជា ក្តារចុចខ្មែរ?
អ្នកអាចដឹងថា ក្តារចុចរបស់អ្នកកំពុងស្ថិតក្នុងភាសាអ្វីបានដោយ មើលនៅជ្រុងខាងក្រោមផ្នែកខាងស្តាំ នៃ អេក្រង់ម៉ូនីទ័រកុំព្យូទ័ររបស់អ្នក ។
ប្រសិនបើឃើញអក្សរ ENG នេះជាទម្រង់ខ្លីរបស់ English មានន័យថា កុំព្យូទ័ររបស់អ្នកកំពុងតែប្រើប្រាស់ ក្ដារចុចជាភាសា អង់គ្លេស ដូច្នេះគ្រាប់ចុចដែលអ្នកបានវាយនឹងលេចឡើងតួអក្សរជាភាសាអង់គ្លេស ។
ប្រសិនបើឃើញអក្សរ ខ្មែរ មានន័យថា កុំព្យូទ័ររបស់អ្នកកំពុងប្រើប្រាស់ក្តារចុចយូនីកូដខ្មែរ ដូច្នេះគ្រាប់ចុច ទាំងអស់ដែលអ្នកបានវាយនឹងលេចឡើងជាតួអក្សរខ្មែរ ។
ចំណាំ ៖ដើម្បីវាយអក្សរខ្មែរ អ្នកត្រូវប្តូរក្តារចុចមកជាក្តារចុចខ្មែរ (KH) ។នៅក្នុងប្លង់ក្ដាចុចយូនីកូដខ្មែរបានដាក់បញ្ចូលគ្រប់ព្យញ្ជនៈ និងស្រៈដែលមានក្នុងភាសាខ្មែរ ហើយអ្នកអាចយកវាមកប្រើប្រាស់ ដើម្បីវាយអត្ថបទភាសាខ្មែរបាន ដោយគោរពតាម (ការប្រកប) ។
៥).របៀបដាក់ដៃលើក្តារចុច
ដើម្បីវាយអត្ថបទបានលឿន ដោយគ្មានកំហុស អ្នកគប្បីដាក់ដៃឲ្យបានត្រឹមត្រូវលើប្លង់ក្តារចុច ដូចខាងក្រោម៖
ដាក់ម្រាមដៃទាំង ១០ របស់អ្នកនៅលើក្តារចុច
យកម្រាមដៃទាំង ២ ដាក់លើគ្រាប់ចុចចន្លោះមិនឃើញ(Spacebar)
យកម្រាមដៃចង្អុលខាងឆ្វេងដាក់លើគ្រាប់ចុចអក្សរ F និងយកម្រាមដៃឆ្វេងផ្សេងទៀតដាក់នៅលើគ្រាប់ចុចបន្តបន្ទាប់នៃជួរគ្រាប់ចុចដែលត្រូវគ្នានឹងអក្សរ F ។
យកម្រាមដៃចង្អុលខាងស្តាំដាក់លើគ្រាប់ចុចអក្សរ J និងយកម្រាមដៃស្ដាំផ្សេងទៀតដាក់នៅលើគ្រាប់ចុចបន្តបន្ទាប់នៃជួរគ្រាប់ចុចដែលត្រូវគ្នានឹងអក្សរ J ។